ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជាបានរៀបចំកិច្ចប្រជុំ “គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត” កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃលើសំណើពិពិធកម្ម និងកសិធុរកិច្ចសហគមន៍កសិកម្មក្រាំងដីវ៉ាយ និង សហគមន៍អញ្ចាញរូងសម័យថ្មីលើផែនការពិពិធកម្ម និងផែនការធុរកិច្ច ដែលរៀបចំឡើងដោយគណៈកម្មការវាយតម្លៃ។
កិច្ចប្រជុំនេះបានដំណើរការតាមរយៈប្រព័ន្ធZoom ដឹកនាំដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដែលមានសមាសភាពជាតំណាង មកពីក្រសួងពាក់ព័ន្ធ និងវិស័យឯកជន មានដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ជាលទ្ធផល គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត បានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់លើរបាយការណ៍វាយតម្លៃ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនីមួយៗដែលបានកំណត់ និងបានឯកភាពលើរបាយការណ៍ ដោយអនុញ្ញាតិឲ្យសហគមន៍កសិកម្មកសិកម្មក្រាំងដីវ៉ាយ នៅភូមិក្រាំងខ្ពស់ ឃុំ ក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អាចបន្តទៅជំហ៊ានទី២ ក្នុងការរៀបចំផែនការធុរកិច្ចលម្អិត លើផលិតកម្មមាន់សាច់ពូជក្នុងស្រុករបស់ខ្លួនដោយតម្រូវឱ្យមានការពិនិត្យ និងកែសម្រួលព័ត៌មានមួយចំនួនក្នុងសំណើពិពិធកម្ម និងកសិធុរកិច្ចដូចមានជូនភ្ជាប់របាយការណ៍វាយតម្លៃរបស់គណកម្មការវាយតម្លៃជាមួយស្រាប។ ចំណែកសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី ស្ថិតនៅភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុក បរិបូរណ៍ ខេត្តកំពង់ឆ្នាំង គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត បានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់លើរបាយការណ៍វាយតម្លៃ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនីមួយៗដែលបានកំណត់ និងបានឯកភាពលើរបាយការណ៍ ដោយអនុញ្ញាតិឲ្យសហគមន៍កសិកម្មកសិកម្មអញ្ចាញរូងសម័យថ្មី ទទួលបានការគាំទ្រហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគលើការពង្រីកទំហំផលិតកម្មមាន់សាច់ ពូជក្នុងស្រុកដើម្បីផ្គត់ផ្គង់ទីផ្សារទៅតាមការស្នើសុំរបស់សហគមន៍។ និងតម្រូវឱ្យមានការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានមួយចំនួនមុន និងឈានដល់ការចុះកិច្ចព្រមព្រៀងរវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចមានជូនភ្ជាប់របាយការណ៍វាយតម្លៃរបស់គណកម្មការវាយតម្លៃជាមួយ។ សូមជម្រាបជូនថា គ្រប់សហគមន៍កសិកម្ម ឬក្រុមផលិតដែលនឹងទទួលបានជាស្ថាពរនូវហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគទៅតាមការស្នើសុំបន្ទាប់ពីទទួលបានការអនុម័តជាស្ថាពរលើផែនការធុរកិច្ចដោយគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត។