ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជាបានរៀបចំកិច្ចប្រជុំ “គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត” កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃលើសំណើពិពិធកម្ម និងកសិធុរកិច្ចសហគមន៍កសិកម្មតស៊ូសែនជ័យ និងសហគមន៍កសិកម្មក្របៅព្រហ្មទេព ដើម្បីពិនិត្យ និងអនុម័តជាផ្លូវការ ដើម្បីអនុញ្ញាតឲ្យរៀបចំផែនការពិពិធកម្ម និងធុរកិច្ចបន្តទៀត។
កិច្ចប្រជុំនេះបានដំណើរការតាមរយៈប្រព័ន្ធZoom ដឹកនាំដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដែលមានសមាសភាពជាតំណាង មកពីក្រសួងពាក់ព័ន្ធ និងវិស័យឯកជន មានដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ជាលទ្ធផល គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត បានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់លើរបាយការណ៍វាយតម្លៃ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនីមួយៗដែលបានកំណត់ និងបានឯកភាពលើរបាយការណ៍ ដោយអនុញ្ញាតិឲ្យសហគមន៍កសិកម្មតស៊ូសែនជ័យ នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារអាចបន្តទៅដំណាក់កាលទី២ ក្នុងការរៀបចំផែនការធុរកិច្ចលម្អិតរបស់ខ្លួនលើការពង្រីកទីផ្សារដំឡូងមីសរីរាង្គស្រស់ និងស្ងួត និងផ្ញើមកកានអង្គភាពសម្រប់សម្រួលគម្រោងវិញក្នុងរយៈពេល១៥ថ្ងៃនៃថ្ងៃធ្វើការ។ ហើយគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត បានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់លើរបាយការណ៍វាយតម្លៃ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនីមួយៗដែលបានកំណត់ និងបានឯកភាពលើរបាយការណ៍ ដោយមិនអនុញ្ញាតិឲ្យសហគមន៍កសិកម្មក្របៅព្រហ្មទេព នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដោយមិនអាចអនុញ្ញាតិ ឱ្យបន្តទៅជំហ៊ានទី២ ក្នុងការរៀបចំផែនការពិពិធកម្ម និងធុរកិច្ចរបស់ខ្លួនទៅលើការពង្រីកទីផ្សារដំឡូងមីសរីរាង្គ ទៅតាមសំណើពិពិធកម្មដែលបានដាក់ស្នើសុំនោះទេ និងតម្រូវឲ្យមានការពិនិត្យ និងផ្ទៀងផ្ទាត់ព៌តមានមួយចំនួន ដូចមានជូនភ្ជាប់របាយការណ៍វាយតម្លៃរបស់គណកម្មការវាយតម្លៃជាមួយ។ សូមជម្រាបជូនថា គ្រប់សហគមន៍កសិកម្ម ឬក្រុមផលិតដែលនឹងទទួលបានជាស្ថាពរនូវហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគទៅតាមការស្នើសុំបន្ទាប់ពីទទួលបានការអនុម័តជាស្ថាពរលើផែនការធុរកិច្ចដោយគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត។