ថ្ងៃអង្គារ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជាបានរៀបចំកិច្ចប្រជុំ “គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត” កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃលើសំណើពិពិធកម្មនិងកសិធុរកិច្ចសហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី និងសហគមន៍កសិកម្ម ស្រ្តីរតនៈ ដែលរៀបចំឡើងដោយគណៈកម្មការវាយតម្លៃ។
កិច្ចប្រជុំនេះបានដំណើរការតាមរយៈប្រព័ន្ធZoom ដឹកនាំដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដែលមានសមាសភាពជាតំណាង មកពីក្រសួងពាក់ព័ន្ធ និងវិស័យឯកជន មានដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ជាលទ្ធផល គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត បានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់លើរបាយការណ៍វាយតម្លៃ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនីមួយៗដែលបានកំណត់ និងបានឯកភាពលើរបាយការណ៍ ដោយអនុញ្ញាតិឲ្យសហគមន៍កសិកម្មកសិកម្មសាមគ្គីភ្នំពេជ្របូរី នៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ មានលទ្ធភាពអាចបន្តទៅរៀបចំផែនការធុរកិច្ចលម្អិត លើការពង្រីកខ្សែច្រវាក់ផលិតកម្មទីផ្សារដំឡូងមី និងសហគមន៍កសិកម្មស្រ្តីរតនៈ ស្ថិតនៅ ភូមិស្អាង ឃុំ ស្អាងស្រុក ជ័យសែន ខេត្តព្រះវិហារ មានលទ្ធភាពអាចបន្តទៅរៀបចំផែនការធុរកិច្ចលម្អិត លើផលិតកម្មពង្រឹងពង្រីកទីផ្សារដំឡូងមី។ សូមជម្រាបជូនថា គ្រប់សហគមន៍កសិកម្ម ឬក្រុមផលិតដែលនឹងទទួលបានជាស្ថាពរនូវហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគទៅតាមការស្នើសុំបន្ទាប់ពីទទួលបានការអនុម័តជាស្ថាពរលើផែនការធុរកិច្ចដោយគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត។