ថ្ងៃព្រហស្បតិ័ ៧កើត ខែ កត្តិកឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជាបានរៀបចំកិច្ចប្រជុំ “គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត” កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃលើសំណើពិពិធកម្មនិងកសិធុរកិច្ចសហគមន៍កសិកម្មកំពង់ក្តីអភិវឌ្ឍន៏ថ្មីនិងលើផែនការពិពិធកម្ម និងផែនការធុរកិច្ច សហគមន៍កសិកម្មសាមគ្គីអមលាំង ដែលរៀបចំឡើងដោយគណៈកម្មការវាយតម្លៃ។
កិច្ចប្រជុំនេះបានដំណើរការតាមរយៈប្រព័ន្ធZoom ដឹកនាំដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដែលមានសមាសភាពជាតំណាង មកពីក្រសួងពាក់ព័ន្ធ និងវិស័យឯកជន មានដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ជាលទ្ធផល គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត បានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់លើរបាយការណ៍វាយតម្លៃ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនីមួយៗដែលបានកំណត់ និងបានឯកភាពលើរបាយការណ៍ ដោយអនុញ្ញាតិឲ្យសហគមន៍កសិកម្មកសិកម្មកំពង់ក្តីអភិវឌ្ឍន៏ថ្មី នៅភូមិ ប្រាសាទ ឃុំកំពង់ក្តី ស្រុក ជីក្រែង ខេត្តសៀមរាប មិនអាចបន្តទៅរៀបចំផែនការធុរកិច្ចលម្អិត លើផលិតកម្មគោយកសាច់របស់ខ្លួនបានទេដោយតម្រូវឱយមានការពិនិត្យនិងកែសម្រួលព៌តមានមួយចំនួនក្នុងការធ្វើផែនការធុរកិច្ចដូចមានជូនភ្ជាប់របាយការណ៍វាយតម្លៃរបស់គណកម្មការវាយតម្លៃជាមួយស្រាប។ ចំណែកសហគមន៍កសិកម្មកសិកម្មសាមគ្គីអមលាំង ស្ថិតនៅ ភូមិ តាកោង ឃុំអមលាំង ស្រុក ថ្ពង់ ខេត្តកំពង់ស្ពឺ គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត បានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់លើរបាយការណ៍វាយតម្លៃ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនីមួយៗដែលបានកំណត់ និងបានឯកភាពលើរបាយការណ៍ ដោយអនុញ្ញាតិឲ្យសហគមន៍កសិកម្មកសិកម្មសាមគ្គីអមលាំង ទទួលបានការគាំទ្រហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគលើការពង្រីកទំហំផលិតកម្មមាន់សាច់ ពូជក្នុងស្រុកនិងបន្លែសុវត្ថិភាពទៅតាមការស្នើសុំរបស់សហគមន៍។ និងតម្រូវឱយមានការពិនិត្យនិងផ្ទៀងផ្ទាត់ព៌តមានមួយចំនួនមុននិងឈានដល់ការចុះកិច្ចព្រមព្រៀងរវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជាក្រសួងកសិកម្មរុក្ខាប្រមាញើនិងនេសាទដូចមានជូនភ្ជាប់របាយការណ៍វាយតម្លៃរបស់គណកម្មការវាយតម្លៃជាមួយ។ សូមជម្រាបជូនថា គ្រប់សហគមន៍កសិកម្ម ឬក្រុមផលិតដែលនឹងទទួលបានជាស្ថាពរនូវហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគទៅតាមការស្នើសុំបន្ទាប់ពីទទួលបានការអនុម័តជាស្ថាពរលើផែនការធុរកិច្ចដោយគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត។