ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជាបានរៀបចំកិច្ចប្រជុំ “គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត” កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃលើសំណើពិពិធកម្មនិងកសិធុរកិច្ចសហគមន៍កសិកម្មធម្មជាតិបៃតងចម្រុះនិងលើផែនការពិពិធកម្ម និងផែនការធុរកិច្ច សហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង ដែលរៀបចំឡើងដោយគណៈកម្មការវាយតម្លៃ។
កិច្ចប្រជុំនេះបានដំណើរការតាមរយៈប្រព័ន្ធZoom ដឹកនាំដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដែលមានសមាសភាពជាតំណាង មកពីក្រសួងពាក់ព័ន្ធ និងវិស័យឯកជន មានដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ជាលទ្ធផល គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត បានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់លើរបាយការណ៍វាយតម្លៃ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនីមួយៗដែលបានកំណត់ និងបានឯកភាពលើរបាយការណ៍ ដោយអនុញ្ញាតិឲ្យសហគមន៍កសិកម្មកសិកម្មធម្មជាតិបៃតងចម្រុះ នៅភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានលទ្ធភាពអាចបន្តទៅរៀបចំផែនការធុរកិច្ចលម្អិត លើការពង្រីកខ្សែច្រវាក់ផលិតកម្មបន្លែសុវត្ថិភាពដោយតម្រូវឱយមានការពិនិត្យនិងកែសម្រួលព៌តមានមួយចំនួនក្នុងការធ្វើផែនការធុរកិច្ចដូចមានជូនភ្ជាប់របាយការណ៍វាយតម្លៃរបស់គណកម្មការវាយតម្លៃជាមួយស្រាប។ ចំណែកសហគមន៍កសិកម្មកសិកម្មអភិវឌ្ឍន៍ស្រុកយើង ស្ថិតនៅ ភូមិ ត្រពាំងត្នោត ឃុំសូរ្យសែន ស្រុកព្រៃឈ ខេត្តកំពង់ចាម គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត បានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់លើរបាយការណ៍វាយតម្លៃ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនីមួយៗដែលបានកំណត់ និងបានឯកភាពលើរបាយការណ៍ ដោយអនុញ្ញាតិឲ្យសហគមន៍កសិកម្មកសិកម្មអភិវឌ្ឍន៍ស្រុកយើង ទទួលបានការគាំទ្រហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគលើការពង្រីកទំហំផលិតកម្មគោសាច់ ពូជក្នុងស្រុកនិងបន្លែសុវត្ថិភាពទៅតាមការស្នើសុំរបស់សហគមន៍។ និងតម្រូវឱយមានការពិនិត្យនិងផ្ទៀងផ្ទាត់ព៌តមានមួយចំនួនមុននិងឈានដល់ការចុះកិច្ចព្រមព្រៀងរវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជាក្រសួងកសិកម្មរុក្ខាប្រមាញើនិងនេសាទដូចមានជូនភ្ជាប់របាយការណ៍វាយតម្លៃរបស់គណកម្មការវាយតម្លៃជាមួយ។ សូមជម្រាបជូនថា គ្រប់សហគមន៍កសិកម្ម ឬក្រុមផលិតដែលនឹងទទួលបានជាស្ថាពរនូវហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគទៅតាមការស្នើសុំបន្ទាប់ពីទទួលបានការអនុម័តជាស្ថាពរលើផែនការធុរកិច្ចដោយគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត។