គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត លើសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ

ចេញ​ផ្សាយ​ 12 Oct 2021
33598
ថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ អង្គភាពអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំរបស់ “គណៈកម្មការប្រឹក្សាយោបល់និងអនុម័ត” ក្នុងគោលបំណងពិនិត្យ និងអនុម័តលើរបាយការណ៍របស់គណៈកម្មការវាយតម្លៃស្ដីពីការវាយតម្លៃផែនការពិពិធកម្ម និងផែនការកសិធុរកិច្ចរបស់សហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធ Zoom ក្រោមអធិបតីភាព និងការដឹកនាំពិភាក្សាដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដែលជាសមាជិក សមាជិកានៃគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត។
ជាលទ្ធផល គណៈកម្មការប្រឹក្សាយោបល់និងអនុម័ត បានពិនិត្យផ្ទៀងផ្ទាត់ និងឯកភាពលើរបាយការណ៍របស់គណៈកម្មការវាយតម្លៃស្ដីពីការវាយតម្លៃផែនការពិពិធកម្ម និងផែនការកសិធុរកិច្ចរបស់សហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ ព្រមទាំងបានអនុម័តឲ្យសហគមន៍កសិកម្មនេះ ដែលមានអាសយដ្ឋាន ភូមិអង្កោល ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រៀបចំកែសម្រួលបញ្ជាក់បន្ថែមព័ត៌មានមួយចំនួន និងអាចទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែម ដើម្បីធ្វើឲ្យប្រសើរឡើងខ្សែច្រវាក់តម្លៃផលិតកម្មឃ្មុំ និងជីសរីរាង្គ។