គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត លើសហគមន៍កសិកម្មព្រែកជីក និងសហគមន៍កសិកម្មពន្លឺរស្មីស្តុកប្រវឹក

ចេញ​ផ្សាយ​ 11 Sep 2021
33626
ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ អង្គភាពអនុវត្តគម្រោង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជាបានរៀបចំកិច្ចប្រជុំ “គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត” កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃសំណើពិពិធកម្ម សហគមន៍កសិកម្មព្រែកជីក និងសហគមន៍កសិកម្មពន្លឺរស្មីស្តុកប្រវឹក ដែលរៀបចំឡើងដោយគណៈកម្មការវាយតម្លៃ។
កិច្ចប្រជុំនេះបានដំណើរការតាមរយៈប្រព័ន្ធZoom ដឹកនាំដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដែលមានសមាសភាពជាតំណាង មកពីក្រសួងពាក់ព័ន្ធ និងវិស័យឯកជន មានដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានអ្នកចូលរួមសរុប ចំនួន៩រូប ។ ជាលទ្ធផល គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត បានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់លើរបាយការណ៍វាយតម្លៃ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនីមួយៗដែលបានកំណត់ និងបានឯកភាពលើរបាយការណ៍ ដោយអនុញ្ញាតិឲ្យសហគមន៍កសិកម្មព្រែងជីក នៅខេត្តបាត់ដំបង រៀបចំផែនការពិពិធកម្ម និងផែនការកសិធុរកិច្ចលើក្រុមបំប៉នគោស្គមយកសាច់ ។ ចំណែកសហគមន៍កសិកម្មពន្លឺរស្មីស្តុកប្រវឹកមិនត្រូវបានអនុញ្ញាតិឲ្យរៀបចំផែនការពិពិធកម្ម និងផែនការកសិធុរកិច្ចនោះទេតម្រូវឲ្យមានការកែសម្រួលបំពេញព័ត៌មាន និងកែសម្រួលលើសំណើពិពិធកម្ម និងសំណើធុរកិច្ចបន្ថែម។ សូមជម្រាបជូនថា សហគមន៍កសិកម្មឬក្រុមផលិតដែលនឹងទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទៅតាមការស្នើសុំបន្ទាប់ពីទទួលបានការអនុម័តលើផែនការពិពិធកម្មដោយគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត។