គណៈកម្មការប្រឹក្សាយោបល់ និងអនុម័តលើសហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង និងសហគមន៍កសិកម្មសាមគ្គីក្រាំងសេរី

ចេញ​ផ្សាយ​ 11 Sep 2021
34812
នារសៀលថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជាបានរៀបចំកិច្ចប្រជុំ “គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត” កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃសំណើ ពិពិធកម្មសហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង និងសហគមន៍កសិកម្មសាមគ្គីក្រាំងសេរី ដែលរៀបចំឡើងដោយគណៈកម្មការវាយតម្លៃ។
កិច្ចប្រជុំនេះបានដំណើរការតាមរយៈប្រព័ន្ធZoom ដឹកនាំដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដែលមានសមាសភាពជាតំណាង មកពីក្រសួងពាក់ព័ន្ធ និងវិស័យឯកជន មានដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានអ្នកចូលរួមសរុប ចំនួន៩រូប។ជាលទ្ធផល គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត បានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់លើ របាយការណ៍វាយតម្លៃ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនីមួយៗដែលបានកំណត់ និងបានឯកភាពលើរបាយការណ៍ ដោយអនុញ្ញាតិឱ្យសហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើងនៅខេត្តកំពង់ចាម រៀបចំ “ផែនការពិពិធកម្ម និងផែនការកសិធុរកិច្ចលើផលិតកម្មទាំងពីរ គឺ “១ពង្រីកផលិតកម្មគោសាច់ពូជក្នុងស្រុក ២ពង្រីកផលិតកម្មបន្លែសុវត្ថិភាព” និងសហគមន៍កសិកម្មសាមគ្គីក្រាំងសេរី នៃខេត្តកំពង់ស្ពឺរៀបចំ “ផែនការពិពិធកម្ម និងផែនការកសិធុរកិច្ចលើផលិតកម្មមាន់សាច់ពូជក្នុងស្រុក” បន្តទៀត ។ សូមជម្រាបជូនថា សហគមន៍កសិកម្ម ឬក្រុមផលិតដែលនឹងទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទៅតាមការស្នើសុំ បន្ទាប់ពីទទួលបាន ការអនុម័តលើផែនការពិពិធកម្មដោយគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត។