នារសៀលថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជាបានរៀបចំកិច្ចប្រជុំ “គណៈកម្មការប្រឹក្សារយោបល់ និងអនុម័ត កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃសំណើពិពិធកម្មសហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើង និងសហគមន៍កសិកម្មទឹកហួតមានជ័យក្តីសង្ឃឹមដែលរៀបចំឡើងដោយគណៈកម្មការវាយតម្លៃ។
កិច្ចប្រជុំនេះបានដំណើរការតាមរយៈប្រព័ន្ធZoom ដឹកនាំដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដែលមានសមាសភាពជាតំណាង មកពីក្រសួងពាក់ព័ន្ធ និងវិស័យឯកជន មានដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានអ្នកចូលរួមសរុប ចំនួន៩រូប។ ជាលទ្ធផល គណៈកម្មការប្រឹក្សារយោបល់ និងអនុម័ត បានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់លើ របាយការណ៍វាយតម្លៃ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនីមួយៗដែលបានកំណត់ និងបានឯកភាពលើរបាយការណ៍ ដោយអនុញ្ញាតិឱ្យ “សហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើងនៅខេត្តកំពង់ចាម រៀបចំ “ផែនការពិពិធកម្ម និងផែនការកសិធុរកិច្ចលើផលិតកម្មទាំងពីរគឺ ១ផលិតកម្មស្លឹកគ្រៃកែឆ្នៃប្រេង និងប្រេងស្រស់ ២ផលិតកម្មមាន់ស្រុក” និងសហគមន៏កសិកម្មទឹកហួតមានជ័យក្តីសង្ឃឹមនៃខត្តកំពង់ឆ្នាំងរៀបចំ “ផែនការពិពិធកម្ម និងផែនការកសិធុរកិច្ចលើផលិតកម្មបន្លែខ្ទឹមស្លឹកសុវត្ថិភាព” បន្តទៀត ។ សូមជម្រាបជូនថា សហគមន៍កសិកម្ម ឬក្រុមផលិតដែលនឹងទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទៅតាមការស្នើសុំ បន្ទាប់ពីទទួលបាន ការអនុម័តលើផែនការពិពិធកម្មដោយគណៈកម្មការប្រឹក្សារយោបល់នឹងអនុម័ត។