មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ៖ នាថ្ងៃច័ន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រុមការងារនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក កើត កិត្តិនាថ អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម និងក្រោមកិច្ចសម្របសម្រួលដោយ លោក ហ៊ិន ប៉ិច អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ និងសហការីបានចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃបឋមលើផលប៉ះពាល់បរិស្ថាន និងសង្គម លើទីតាំងសាងសង់ផ្ទះសំណាញ់ ទ្រុងមាន់ និងការផ្តល់ធាតុចូលបន្លែ ក្រោមគម្រោងឆ្លើយតបសង្រ្គោះបន្ទាន់ (CERC) នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រុមបេសកកម្មមានសមាភាពចូលរួម៖លោកស្រី ប៊ុនរី រស្មី មន្ត្រីផ្នែកគាំពារបរិស្ថាន និងសង្គម កញ្ញា ឃុំ ស្រស់ មន្រ្តីរដ្ឋបាលជលផល លោក ប៊ុន ឡុង ប្រធានការិយាល័យនៃនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស និងទីប្រឹក្សាគម្រោងពិពិធកម្មកសិកម្មកម្ពុជា។ ក្រោយពីក្រុមបេសកកម្មបានជួបប្រជុំពិភាក្សា និងបានជម្រាបជូនពីគោលបំណងជាមួយក្រុមអ្នកទទួលផលពីគម្រោងCERC និងបានបន្តដំណើរចុះពិនិត្យទីតាំងជាក់ស្តែងដែលមានសក្តានុពលក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញរបស់ក្រុមកសិករអ្នកទទួលផល ១)លោក ជា ចាន់ធី តំណាងអ្នកទទួលផលផ្ទះសំណាញ់ ២)លោក ហង្ស សុវណ្ណ តំណាងអ្នកទទួលផលទ្រុង និងកូនមាន់ ៣)លោក សឿន ធឿន តំណាងអ្នកទទួលផលធាតុចូលកសិកម្ម។ ទីតាំងដែលក្រុមការងារបានចុះពិនិត្យគឺមានសក្តានុពលសម្រាប់ការដាំដុះបន្លែដោយប្រើប្រាស់ទឹករដ្ឋ ទឹកអណ្តូង និងទឹកស្រះ។