នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១
នៅក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោង ពិពិធកម្មកសិកម្មកម្ពុជាលើកទីមួយ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោង។ គោលបំណងកិច្ចប្រជុំ គឺដើម្បីពិនិត្យវឌ្ឍនភាពគម្រោង និងពិភាក្សារកដំណោះស្រាយ បញ្ហាប្រឈមនានា ដើម្បីចង្អុល បង្ហាញដល់ភ្នាក់ងារអនុវត្តគម្រោងយកទៅអនុវត្តឲ្យទទួលបានជោគជ័យ និងឯកភាពលើសេចក្តីព្រាងផែនការ សកម្មភាព និងថវិកាប្រចាំឆ្នាំ២០២១។ សមាសភាពចូលរួមក្នុងអង្គប្រជុំនេះអញ្ជើញមកពីសមាជិកគណៈកម្មាធិការដឹកនាំគម្រោង រួមមាន តំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកិច្ចការនារី ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម និង សិប្បកម្ម និងនាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា ព្រមទាំងសហការីតំណាងអង្គភាពអនុវត្តគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍជនបទ និងក្រសួងធនធានទឹកនិងឧតុនិយម សរុបប្រមាណ៤១រូប។