ខេត្តកណ្តាល៖ ថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅភូមិខ្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានរៀបចំសិក្ខាសាលាលើកកម្ពស់ការយល់ដឹងអំពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា សម្រាប់ជុំទី២ សិក្ខាសាលានេះដែរ ដឹកនាំដោយលោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហ៊ សុផល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល និងលោក ចាន់ ដារ៉ា អភិបាលរងនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ព្រមទាំងមានការចូលរួមពីតំណាងអង្គការ និងសហគមន៍ ៥ឃុំ គឺឃុំរកាជន្លឹង ឃុំវិហារសួគ៌ និងឃុំបារ៉ុង ឃុំសន្លុង និងឃុំប្រាសាទផងដែរ។ ចំពោះអ្នកចូលរួមសរុបមានចំនួន ៣៥ នាក់ ស្រី៤នាក់ រួមមានសហគមន៍កសិកម្ម ៩ នាក់ (ស្រី ១នាក់) សហគ្រាសខ្នាតតូច ២នាក់ (ស្រី ០១នាក់) អាជ្ញាធរក្នុងតំបន់ ៣នាក់ MAFF ៦នាក់ (ស្រី ២នាក់) ការិយាល័យធនធានធម្មជាតិ កសិកម្មនិងបរិស្ថានស្រុក ៣នាក់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល ៦នាក់ មន្ទីរធនធានទឹកខេត្ត ១នាក់ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ១នាក់ និងបុគ្គលិកអង្គការ ៤នាក់។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បី -ផ្សព្វផ្សាយព័ត៌មានគម្រោងទៅសហគមន៍កសិកម្ម/ក្រុមផលិត កសិពាណិជ្ជករខ្នាតតូច និងមធ្យម អ្នកប្រមូលទិញផលិតផលកសិកម្ម កសិដ្ឋានចិញ្ចឹមសត្វ សត្តឃាតដ្ឋាន កសិដ្ឋានវារីវប្បកម្ម អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ នៅក្នុងតំបន់គោលដៅ -ផ្សព្វផ្សាយព័ត៌មាននៃការគាំទ្រហិរញ្ញប្បទានរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា រួមមានហេរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងឥទានពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជនដល់អ្នកពាក់ព័ន្ធទាំងអស់ -កំណត់អត្តសញ្ញាណរបស់សហគមន៍កសិកម្ម/ក្រុមផលិត កសិពាណិជ្ជករខ្នាតតូច និងមធ្យម និងអ្នកពាក់ព័ន្ធ ដើម្បីបង្កើត និងដាក់សំណើ ធ្វើពិពិធកម្ម សំណើអាជីវកម្ម និងទទួលបានហិរញ្ញប្បទានទាំងពីរប្រភេទ -ផ្សព្វផ្សាយព័ត៌មានគាំពារបរិស្ថាន និងសង្គម រួមទាំងលើកកម្ពស់យេនឌ័រ។