ខេត្តកណ្តាល៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល មានរៀបចំសិក្ខាសាលាលើកកម្ពស់ការយល់ដឹងអំពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា សម្រាប់ជុំទី២ សិក្ខាសាលានេះដែរ ដឹកនាំដោយលោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហ៊ សុផល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល និងលោក សោម ផល្លា អភិបាលរងនៃគណៈអភិបាលស្រុកលើកដែកព្រមទាំងមានការចូលរួមពីតំណាងអង្គការ និងសហគមន៍ ៣ឃុំ គឺឃុំពាមរាំង ឃុំខ្ពបអាទាវ និងឃុំព្រែកដាច់ផងដែរ។ ចំពោះអ្នកចូលរួមសរុបមានចំនួន ៣៣ នាក់ ស្រី៤នាក់ រួមមានសហគមន៍កសិកម្ម ៩ នាក់ (ស្រី ២នាក់) សហគ្រាសខ្នាតតូច ២នាក់ (ស្រី ០នាក់) អាជ្ញាធរក្នុងតំបន់ ៣នាក់ (ស្រី ១នាក់) MAFF ៥ នាក់ (ស្រី ១នាក់) ការិយាល័យកសិកម្មស្រុក ៤ នាក់ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកណ្ដាល ៥នាក់ មន្ទីរធនធានទឹកខេត្ត ១នាក់។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បី -ផ្សព្វផ្សាយព័ត៌មានគម្រោងទៅសហគមន៍កសិកម្ម/ក្រុមផលិត កសិពាណិជ្ជករខ្នាតតូច និងមធ្យម អ្នកប្រមូលទិញផលិតផលកសិកម្ម កសិដ្ឋានចិញ្ចឹមសត្វ សត្តឃាតដ្ឋាន កសិដ្ឋានវារីវប្បកម្ម អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ នៅក្នុងតំបន់គោលដៅ -ផ្សព្វផ្សាយព័ត៌មាននៃការគាំទ្រហិរញ្ញប្បទានរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា រួមមានហេរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងឥទានពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជនដល់អ្នកពាក់ព័ន្ធទាំងអស់ -កំណត់អត្តសញ្ញាណរបស់សហគមន៍កសិកម្ម/ក្រុមផលិត កសិពាណិជ្ជករខ្នាតតូច និងមធ្យម និងអ្នកពាក់ព័ន្ធ ដើម្បីបង្កើត និងដាក់សំណើ ធ្វើពិពិធកម្ម សំណើអាជីវកម្ម និងទទួលបានហិរញ្ញប្បទានទាំងពីរប្រភេទ -ផ្សព្វផ្សាយព័ត៌មានគាំពារបរិស្ថាន និងសង្គម រួមទាំងលើកកម្ពស់យេនឌ័រ។