សិក្ខាសាលាលើកកម្ពស់ការយល់ដឹងអំពីគម្រោងពិពិធកម្មកសិកម្មកម្ពុជាថ្នាក់ស្រុក នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ

ចេញ​ផ្សាយ​ 26 Nov 2020
29475

ខេត្តព្រះវិហារ៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅភូមិត្បែង ឃុំចម្រើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ មានរៀបចំសិក្ខាសាលាលើកកម្ពស់ការយល់ដឹងអំពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ជុំទី២ ក្រោមអធិបតីភាព លោក ជុំ ពុយ អភិបាលស្រុកសង្គមថ្មី ព្រមទាំងមានការចូលរួមពី លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និង ទីប្រឹក្សាផ្នែកការពារសង្គម និងបរិស្ថានផងដែរ។ ចំពោះសិក្ខាសាលានេះក៏មានការចូលរួមពីសហគមន៍ចំនួន ១៣ឃុំ មានដូចជា ឃុំចម្រើន ឃុំរអាង ឃុំភ្នំត្បែង ឃុំស្តៅ ឃុំរណសិរ្យ ឃុំត្បែងពីរ ឃុំក្របៅ ឃុំរតនៈ ឃុំរស្មី ឃុំរហ័ស ឃុំរបៀប ឃុំរមណី និងឃុំរំដោះ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ចំពោះអ្នកចូលរួមសរុប ៣៩នាក់ ស្រី១០នាក់។ ក្នុងសិក្ខាសាលានេះដែរ គឺដើម្បី -ផ្សព្វផ្សាយព័ត៌មានគម្រោងទៅសហគមន៍កសិកម្ម/ក្រុមផលិត កសិពាណិជ្ជករខ្នាតតូច និងមធ្យម អ្នកប្រមូលទិញផលិតផលកសិកម្ម កសិដ្ឋានចិញ្ចឹមសត្វ សត្តឃាតដ្ឋាន កសិដ្ឋានវារីវប្បកម្ម អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ នៅក្នុងតំបន់គោលដៅ -ផ្សព្វផ្សាយព័ត៌មាននៃការគាំទ្រហិរញ្ញប្បទានរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា រួមមានហេរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងឥទានពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជនដល់អ្នកពាក់ព័ន្ធទាំងអស់ -កំណត់អត្តសញ្ញាណរបស់សហគមន៍កសិកម្ម/ក្រុមផលិត កសិពាណិជ្ជករខ្នាតតូច និងមធ្យម និងអ្នកពាក់ព័ន្ធ ដើម្បីបង្កើត និងដាក់សំណើ ធ្វើពិពិធកម្ម សំណើអាជីវកម្ម និងទទួលបានហិរញ្ញប្បទានទាំងពីរប្រភេទ -ផ្សព្វផ្សាយព័ត៌មានគាំពារបរិស្ថាន និងសង្គម រួមទាំងលើកកម្ពស់យេនឌ័រ។