ចុះពិនិត្យ សិក្សា ប្រមូលទិន្នន័យ និងវាយតម្លៃទៅលើស្ថានភាព ដែលជាសក្តានុពលនៃផលិតភាពកសិកម្ម និងកំណត់សហគមន៍គោលដៅក្នុងរាជធានីភ្នំពេញ

ចេញ​ផ្សាយ​ 09 Aug 2020
33938
រាជធានីភ្នំពេញ, ថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដឹកនាំដោយលោក ឆេង វិបុលរិទ្ធ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាជំនួយការនាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដឹកនាំដោយលោក ឆេង វិបុលរិទ្ធ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាជំនួយការនាយកនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា លោក អ៊ុក វុឌ្ឍីរិទ្ធ អនុប្រធានការិយាល័យនៃនាយកដ្ឋានកិច្ចការរដ្ឋបាល និងលោក គង់ ប៊ុណ្ណា ទីប្រឹក្សាគម្រោងពិពិធកម្មកសិកម្មកម្ពុជា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រសួងធនធានទឹក និងឧតុនិយម ដែលមានការសម្របសម្រួលដោយលោក លោក ហ៊ិន ប៉ិច អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជាប្រចាំរាជធានីភ្នំពេញ និងសហការី ដើម្បីស្វែងយល់ពីកិច្ចដំណើរការ និងការប្រកបមុខរបររបស់សហគមន៍ ជាពិសេស ការដាំដុះបន្លែ ការចិញ្ចឹមមាន់/ទា និងការចិញ្ចឹមត្រី ក្នុងស្ថានភាពនៃការរីករាលដាលជាសកលដោយជំងឺកូវីដ-១៩។ ក្រុមបេសកកម្មបានជួបពិភាក្សាជាមួយកសិករ តាំង និមល តំណាងក្រុមផលិតដំណាំបន្លែ (បច្ចុប្បន្នផ្តោតលើជីគ្រប់ប្រភេទ) មានទីតាំងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានសក្តានុពលសម្រាប់ផ្ទះសំណាញ់ ពិសេសមានសក្តានុពលក្នុងការភ្ជាប់បណ្តាញទឹកពីប្រឡាយដែលទើបនឹងស្តារ។ ដំណើរបន្តក្រុមការងារបានជួបពិភាក្សាជាមួយគណកម្មាធិការ និងសមាជិកសហគមន៍កសិកម្មសុវណ្ណភូមិ (លោក ឈឺន ថាត ប្រធានសហគមន៍) មានទីតាំងនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងពិនិត្យទីកន្លែងសក្តានុពលសម្រាប់ដាំដំណាំបន្លែ និងចិញ្ចឹមមាន់-ទាទៀតផង លើសពីនេះ សហគមន៍កាន់កាប់កម្មសិទ្ធិដីទំហំ ៥ម x ២៧ម សមម្រាប់សាងសង់ទីស្នាក់ការ និងកន្លែងប្រមូលទិញ-លក់។ ក្រុមបេសកកម្មបន្តដំណើរទៅជួបសំណេះសំណាលជាមួយគណកម្មាធិការ និងសមាជិកសហគមន៍កសិកម្ម វឌ្ឍនៈជើងឯក មានទីតាំងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានលោក សោម ថានជាប្រធានសហគមន៍។ សហគមន៍កសិកម្មវឌ្ឍនៈជើងឯកនេះ មានសក្តានុពលសម្រាប់វារីវប្បកម្ម (ស្រះ និងថង់ផ្លាស្ទីក) ចិញ្ចឹមមាន់-ទា និងដាំដំណាំបន្លែ ក្រុមការងារបានទៅពិនិត្យដល់កន្លែងជាក់ស្តែងដូចជា ការចិញ្ចឹមត្រីក្នុងស្រះរបស់កសិករឈ្មោះ សុខ វល័ក្ខ ការចិញ្ចឹមត្រីក្នុងថង់ប្លាស្ទីករបស់កសិករឈ្មោះ ឆាយ ពេញ និងការចិញ្ចឹមមានលក្ខណៈគ្រួសាររបស់កសិករឈ្មោះ ឆាយ ប៉េង។
ទីតាំងដែលក្រុមការងារចុះពិនិត្យគឺមានសក្តានុពលសម្រាប់ការដាំដុះបន្លែដោយប្រើប្រាស់ទឹករដ្ឋ ទឹក
អណ្តូង អូរ ប្រឡាយ ស្ទឹង ការចិញ្ចឹមមាន់-ទា និងការចិញ្ចឹមត្រីដោយប្រើប្រាស់ស្រះ ថង់ផ្លាស្ទីក។ ទន្ទឹមនឹងនោះកសិករសំណូមពរឲ្យមានការជួយទុន និងគាំទ្របច្ចេកទេសបន្ថែមសម្រាប់ការពង្រីកផលិតកម្មរបស់ពួកគាត់៕