ចុះពិនិត្យ សិក្សា ប្រមូលទិន្នន័យ និងវាយតម្លៃទៅលើស្ថានភាព ដែលជាសក្តានុពលនៃផលិតភាពកសិកម្ម និងកំណត់សហគមន៍គោលដៅក្នុងខេត្តត្បូងឃ្មុំ

ចេញ​ផ្សាយ​ 09 Aug 2020
33813

ខេត្តត្បូងឃ្មុំ, ថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ដឹកនាំដោយលោក ឆេង វិបុលរិទ្ធ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាជំនួយការនាយកនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា លោក អ៊ុក វុឌ្ឍីរិទ្ធ អនុប្រធានការិយាល័យនៃនាយកដ្ឋានកិច្ចការរដ្ឋបាល និងលោក គង់ ប៊ុណ្ណា ទីប្រឹក្សាគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានសហការជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ដែលមានការសម្របសម្រួលដោយលោក ជៀង សា រិទ្ធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជាប្រចាំខេត្តត្បូងឃ្មុំ និងសហការី បានជួបពិភាក្សាជាមួយគណកម្មាធិការ និងសមាជិកសហគមន៍ក្តីសង្ឃឹមកសិករ ដែលមានទីតាំងនៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីស្វែងយល់ពីកិច្ចដំណើរការ និងការប្រកបមុខរបររបស់សហគមន៍ ជាពិសេស ការដាំដុះបន្លែ ការចិញ្ចឹមមាន/ទា និងការចិញ្ចឹមត្រី ក្នុងស្ថានភាពនៃការរីករាលដាលជាសកលដោយជំងឺកូវីដ-១៩ និងចុះពិនិត្យទីតាំងផ្ទះសំណាញ់ គាំទ្រដោយកម្មវិធី ASPIRE ពិនិត្យសក្តានុពលលើការជីកអណ្តូង/ប្រឡាយ និងដាំដំណាំបន្លែ ពិនិត្យសក្តានុពលលើការធ្វើផ្ទះសំណាញ់របស់កសិករ ខាន់ រដ្ឋា។ ក្រុមការងារបន្តដំណើរទៅជួបពិភាក្សាជាមួយសហគមន៍កសិកម្មសាមគ្គីតំបែរ ដែលមានទីតាំងនៅភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងចុះពិនិត្យការចិញ្ចឹមមាន់ និងការភ្ញាស់កូនមាន់របស់កសិករដែលជាសមាជិកសហគមន៍ និងពិនិត្យការចិញ្ចឹមកង្កែប របស់កសិករ ស្រី មុំ នៅភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ និងពិនិត្យការចិញ្ចឹមត្រីអណ្តែង របស់កសិករ សុខ ឌឿន នៅភូមិទួលប្រស់ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ទីតាំងដែលក្រុមការងារចុះពិនិត្យគឺមានសក្តានុពលសម្រាប់ការដាំដុះបន្លែដោយប្រើប្រាស់ទឹកអណ្តូង ការចិញ្ចឹមមាន់/ទា និងការចិញ្ចឹមត្រីដោយប្រើប្រាស់ថង់ផ្លាស្ទិច។ ទន្ទឹមនឹងនោះកសិករសំណូមពរឲ្យមានការជួយទុន និងពង្រឹងបច្ចេកទេសបន្ថែមសម្រាប់ការពង្រីកផលិតកម្មរបស់ពួកគាត់៕