ចុះពិនិត្យ សិក្សា ប្រមូលទិន្នន័យ និងវាយតម្លៃទៅលើស្ថានភាព ដែលជាសក្តានុពលនៃផលិតភាពកសិកម្ម និងកំណត់សហគមន៍គោលដៅក្នុងខេត្តរតនគិរី

ចេញ​ផ្សាយ​ 09 Aug 2020
33756

ខេត្តរតនគិរី, ថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ មិថុនា ឆ្នាំ២០២០ ក្រុមការងារនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ដែលបានដឹកនាំដោយលោក ស្រី សុខាភិរម្យ អនុប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានកសិកម្ម និងលោក ណុប សុភឿន ប្រធានការិយាល័យនៃនាយកដ្ឋានផែនការ និងស្ថិតិ បានសហការជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានចុះពិនិត្យ សិក្សា ប្រមូលទិន្នន័យ និងវាយតម្លៃទៅលើស្ថានភាព ដែលជាសក្តានុពលនៃផលិតភាពកសិកម្ម និងកំណត់សហគមន៍គោលដៅ ដើម្បីជំរុញការអនុវត្តវិធានការឆ្លើយតបជាបន្ទាន់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩។ ក្រុមការងារបានចុះទៅដល់សហគមន៍កសិកម្មស្រែង្រ្គងរីកចម្រើន ដែលមានទីតាំង ឃុំស្រែអង្គ្រង ស្រុកកូនមុំ សហគមន៍កសិកម្មកែប្រែជីវភាព ស្ថិតនៅឃុំ ត្រពាំងក្រហម ស្រុកកូនមុំ សហគមន៍កសិកម្មរស្មីមានជ័យ នៅឃុំត្រពាំងច្រេស ស្រុកកូនមុំ សហគមន៍កសិកម្មរីកចម្រើនភូមិព្រួក ស្ថិតនៅឃុំព្រួក ស្រុកលំផាត់ និងសហគមន៍កសិកម្មអូរកានមានជ័យ នៅស្រុកលំផាត់។ សម្រាប់សហគមន៍កសិកម្មទាំង៥នេះ គឺមានសក្តានុពលលើដំណាំបន្លែ ការចិញ្ចឹមសត្វ (មាន់ និងទា) និងវារីវប្បកម្ម (ចិញ្ចឹមត្រី) ព្រមទាំងបានចុះទៅពិនិត្យប្រភពទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងអគ្គិសនី៕