ចុះពិនិត្យ សិក្សា ប្រមូលទិន្នន័យ និងវាយតម្លៃទៅលើស្ថានភាព ដែលជាសក្តានុពលនៃផលិតភាពកសិកម្ម និងកំណត់សហគមន៍គោលដៅក្នុងខេត្តកំពង់ស្ពឺ

ចេញ​ផ្សាយ​ 09 Aug 2020
34690

ខេត្តកំពង់ស្ពឺ, ដើម្បីឆ្លើយតបទៅនឹងសកម្មភាពអន្តរាគមន៍បន្ទាន់កាលពីថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ដែលបានដឹកនាំដោយលោក ឆេង វិបុលរិទ្ធ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ លោក អ៊ុក វុឌ្ឍីរិទ្ធ អនុប្រធានការិយាល័យនៃនាយកដ្ឋានកិច្ចការរដ្ឋបាល និងលោក គង់ ប៊ុណ្ណា ទីប្រឹក្សាគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានសហការជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាលខេត្តកំពង់ស្ពឺ ព្រមទាំងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានបំពេញបេសកកម្មរបស់ខ្លួនក្នុងគោលបំណងប្រមូលទិន្នន័យ និងវាយតម្លៃពីសក្តានុពល និងតម្រូវការធ្វើផលិតកម្មកសិកម្មរួមមាន៖ បន្លែ បក្សីស្រុក (មាន់ ទា) និងវារីវប្បកម្មដើម្បីគ្រប់គ្រងស្ថាភាព ការផ្គត់ផ្គង់ផលិតផលកសិកម្ម (បន្លែ ត្រី សាច់) ដែលរងការប៉ះពាល់ក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ សកម្មភាពនៃការចុះពិនិត្យផ្ទាល់ស្តីពីសក្តានុពលសម្រាប់ផលិតផលកសិកម្មបន្លែ បក្សីស្រុក (មាន់ ទា) និងវារីវប្បកម្ម។