ចុះពិនិត្យ សិក្សា ប្រមូលទិន្នន័យ និងវាយតម្លៃទៅលើស្ថានភាព ដែលជាសក្តានុពលនៃផលិតភាពកសិកម្ម និងកំណត់សហគមន៍គោលដៅក្នុងខេត្តក្រចេះ

ចេញ​ផ្សាយ​ 09 Aug 2020
34514

ខេត្តក្រចេះ, ថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ មិថុនា ឆ្នាំ២០២០ ក្រុមការងារនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ដែលបានដឹកនាំដោយលោក ស្រី សុខាភិរម្យ អនុប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានកសិកម្ម និងលោក ណុប សុភឿន ប្រធានការិយាល័យនៃនាយកដ្ឋានផែនការ និងស្ថិតិ បានសហការជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ ដែលបានចុះពិនិត្យ សិក្សា ប្រមូលទិន្នន័យ និងវាយតម្លៃទៅលើស្ថានភាព ដែលជាសក្តានុពលនៃផលិតភាពកសិកម្ម និងកំណត់សហគមន៍គោលដៅ ដើម្បីជំរុញការអនុវត្តវិធានការឆ្លើយតបជាបន្ទាន់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩។ ក្រុមការងារបានចុះទៅដល់សហគមន៍កសិកម្មធម្មជាតិបៃតងចម្រុះ ដែលមានទីតាំង ភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងសហគមន៍កសិកម្មដំរីផុងជោគជ័យ ស្ថិតនៅភូមិក្រូច ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។ សម្រាប់សហគមន៍កសិកម្មទាំងពីរនេះ គឺមានសក្តានុពលលើដំណាំបន្លែ ការចិញ្ចឹមសត្វ (មាន់ និងទា) និងវារីវប្បកម្ម (ចិញ្ចឹមត្រី) ព្រមទាំងបានចុះទៅពិនិត្យប្រភពទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងអគ្គិសនី។