ចុះពិនិត្យ សិក្សា ប្រមូលទិន្នន័យ និងវាយតម្លៃទៅលើស្ថានភាព ដែលជាសក្តានុពលនៃផលិតភាពកសិកម្ម និងកំណត់សហគមន៍គោលដៅក្នុងខេត្តសៀមរាប និងព្រះវិហារ

ចេញ​ផ្សាយ​ 09 Aug 2020
34575

នាព្រឹក ថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ដែលដឹកនាំដោយលោក ឃី កុសល អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានផ្នែកគាំពារសង្គម និងបរិស្ថាននៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានដឹកនាំប្រតិភូអមដំណើរដោយ លោក ស៊ន សាន អគ្គនាយករងនៃអគ្គនាយកដ្ឋានផលិតកម្ម និងសុខភាពសត្វ លោក កើត កិត្តិនាថ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងទីប្រឹក្សា និងក្រុមការងារអង្គភាពសម្របសម្រួលគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដោយសហការជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម និងលោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងសហការី បានចុះទៅដល់សហគមន៍សុវត្ថិភាពធម្មជាតិ នៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ដើម្បីពិនិត្យមើលទីតាំងដាំបន្លែ ស្រះទឹកលក្ខណៈគ្រួសារ និងកសិករចិញ្ចឹមកង្កែបក្នុងថងផ្លាសស្ទិច។ សហគមន៍សំរោងមានជ័យ ស្ថិតនៅភូមិបត់ដង្កោ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប និងបន្តចុះទៅពិនិត្យមើលទីតាំងដាំបន្លែរបស់សមាជិកសហគមន៍ និងស្រះទឹកសហគមន៍ដែលមានស្រាប់ ដើម្បីពិនិត្យលទ្ធភាព និងសុំគោលការណ៍ស្តារ។ នៅពេលរសៀលថ្ងៃដដែល ក្រុមការងារបានបន្តដំណើរទៅកាន់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ។ លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានជូនដំណើរប្រតិភូចុះទៅដល់សហគមន៍ម្រេចស្រយ៉ងកោះកេរិ៍ព្រះវិហារ នៅឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ និងបានពិនិត្យមើលទីតាំងចិញ្ចឹមមាន់សាច់ ទីតាំងដីដែលបម្រុងសុំជីកស្រះប្រមូលម្តុំចំនួន៥គ្រួសារ សហគមន៍លើកកម្ពស់កសិករ ស្ថិតនៅ ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ និងបានបន្តរពិនិត្យមើលទីតាំងដាំបន្លែ និងប្រឡាយចាស់ដែលបម្រុងជួសជុលដើម្បីតភ្ចាប់ប្រព័ន្ធទឹកស្រោចស្របដំណាំបន្លែរបស់កសិករដែលនៅជិតៗប្រមាណ១៥គ្រួសារ៕