សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របុរី

ចេញ​ផ្សាយ​ ១៦ តុលា ២០២៣
14164

សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របុរី

១.  ព័ត៌មានទូទៅ

  • ឈ្មោះសហគមន៍៖ សហគមន៍សាមគ្គីភ្នំពេជ្របុរី (Phnom Pich Borei Agriculture Cooperative)
  • អាសយដ្ឋាន៖ ភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ
  • កាលបរិច្ឆេតចុះបញ្ជី៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤
  • ចុះបញ្ជីលេខ៖ ០២៥ ម.កសក.ពហP/ស.ក.ក
  • ប្រភេទផលិតផល៖ ដំឡូងមីសរីរាង្គស្រស់ និងដំឡូងមីស្ងួត
  • ក្រោមគម្រោង CASDP៖ ៣៥ គ្រួសារ ស្រ្តី២៤គ្រួសារ
  • ទីផ្សារដំឡូងមី៖ ក្រុមហ៊ុន​ស៊ីអេស៊ីស៊ី (CACC) និងក្រុមហ៊ុនហង្ស ហាវេស អេហ្គ្រីខលឈ័រ ខូអិលធីឌី

២.  សាវតា

សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របុរី មានទីតាំងស្ថិតនៅ ភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ។ ដំឡូងមីសរីរាង្គ ដំឡូងមីស្ងួត ស្រូវសរីរាង្គ ស្រូវពូជ និងការធ្វើឥណទានសាច់ប្រាក់សម្រាប់សមាជិកជាមុខរបរ​សំខាន់​របស់សហគមន៍។ សហគមន៍បានចុះបញ្ជីការលេខ០២៤ ម.កសក.ពហ/ស.ក.ក ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤។ សហគមន៍មានទំនាក់ទំនងល្អលើផ្នែកទិញលក់ដំឡូងមីសរីរាង្គ​ស្រស់ឱ្យ​ក្រុមហ៊ុន​ស៊ីអេស៊ីស៊ី (CACC) តាមកិច្ចសន្យាជារៀងរាល់ឆ្នាំ រយៈពេល៤ឆ្នាំមកហើយ និងដំឡូងមីស្ងួតឱ្យក្រុមឱ្យក្រុមហ៊ុនហង្ស ហាវេស អេហ្គ្រីខលឈ័រ ខូអិលធីឌី តាមកិច្ចសន្យារយៈពេល៣ឆ្នាំ (២០២២-២០២៤)។

សហគមន៍មានផ្ទៃដីផលិតកម្មសរុប២៨,១២៨,២ ហិចតា (ស្រូវ១៧៦០ ហ.ត ដំឡូងមីសរីរាង្គ ៥១៥,​១២ ហ.ត ដំឡូងមីធម្មតា ៥៣៧,៧០ ហ.ត)។ ក្រុមអ្នកផលិតដំឡូងមីសរីរាង្គស្រស់មានសមាជិកសរុប២៩២នាក់ ស្រី១៥៥នាក់  និងមានផ្ទៃដីដាំដុះសរុប ៥១៥,១២ ហិកតា លក់បានជាមធ្យម ៨,៤៩៨ តោនក្នុងមួយឆ្នាំ និងសមាជិកជាផលិតករដំឡូងមីស្ងួតចំនួន៣៥២ នាក់ ស្រី១៨៦ នាក់ មានផ្ទៃដីដាំដុះ​សរុប៥៣៧.១២ ហិកតា លក់បានជាមធ្យម៣,៨០៧ តោនក្នុងមួយឆ្នាំ។

ដើម្បីកែលម្អការអនុវត្តគ្រប់គ្រងដីសម្រាប់ផលិតកម្មដំឡូងមីសរីរាង្គស្រស់ និងដំឡូងមីស្ងួត  អោយមានគុណភាពស្របតាមស្តង់ដារទីផ្សារជាតិ និងអន្តរជាតិ សហគមន៍កំពុងប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមមួយចំនួនរួមមាន៖ បញ្ហាថវិកាសម្រាប់ដំណើរការអាជីវកម្ម បញ្ហាបច្ចេកទេសពាក់ព័ន្ធ​ការត្រួត​ពិនិត្យគុណភាព សមត្ថភាពនិង​ចំណេះដឹង​នៅមានកម្រិតលើការរៀបចំផែនការអាជីវកម្ម ការគ្រប់គ្រងជំនួញ យុទ្ធសាស្រ្តទីផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុជាដើម។ ការអនុវត្តកសិកម្មល្អមិនទាន់បានអនុវត្តឱ្យបានពេញលេញនៅឡើយ មិនទាន់បានចុះបញ្ជី​បញ្ជាក់​ពីគុណភាពសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តជាតិ ខ្វះឧបករណ៍សម្ភារ ដូចជាឃ្លាំងស្តុក ជញ្ជីងថ្លឹង គោយន្ត សម្ភារវេចខ្ចប់​​។ល។ ក្រៅពីតម្រូវការសម្រាប់ខ្សែច្រវាក់ផលិតកម្ម សហគមន៍នៅមិនទាន់មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន ហើយផ្លូវកសិកម្មពិតជាចាំបាច់ត្រូវស្ថាបនា ដើម្បីសម្រួលដល់ការដឹកជញ្ជូន ការធ្វើចរាចរ​ទូទៅ​ចេញ​ពី​ទីតាំង​ទៅ​កាន់​ទីប្រជុំជន កាត់បន្ថយការចំណាយ និងបង្កើតការងារបន្ថែមដល់សមាជិក​សហគមន៍​ដែល​មួយ​​ផ្នែកធំ​ពឹង​លើ​ប្រាក់ចំណូលបានមកពីវិស័យកសិកម្ម។

ផលិតកម្មដំឡូងមីមានសក្តានុពលសម្រាប់ស្តារសេដ្ឋកិច្ចសហគមន៍ ដែលមានសមាជិកចំនួន៣៥០ គ្រួសារជាអ្នកផលិត និងទទួលផលផ្ទាល់ ដោយសារដីនៅឃុំភ្នំពេញជើងជាប្រភេទដីព្រៃរបោះ មានអំណោយផលច្រើនសម្រាប់​ផលិត​កម្ម​ដំឡូងមីជាពិសេស ដោយសហគមន៍អាចប្រមូលផលបានក្នុងចន្លោះពី២០តោន ទៅ២៥ តោនក្នុង១ ហិកតា សម្រាប់ដំឡូងមីស្រស់ និង២៥ តោនក្នុង១ហិកតា សម្រាប់ដំឡូងមីស្ងួត។ ដំឡូងមី​សក្តានុពលទីផ្សារល្អ ជាក់ស្តែងក្រសួងពាណិជ្ជកម្មកម្ពុជាបានសម្របសម្រួលបើកច្រកទីផ្សារ និងជំរុញការនាំចេញដំឡូងមីស្ងួតកម្ពុជាចំនួន៤០ ម៉ឺនតោន ទៅកាន់តំបន់ស្វយ័តជនជាតិជាំង ខេត្តក្វាងស៊ី ប្រទេសចិន នៅឆ្នាំ២០២៣។

៣.  ផលិតកម្មដំឡូងមី និងយុទ្ធសាស្រ្តទីផ្សារ

ផលិតកម្មដំឡូងមី ជាមុខរបរសក្តានុពលរបស់សហគមន៍ គណៈកម្មការសហគមន៍បានដើរតួនាទីសំខាន់​​ដឹកនាំអនុវត្តខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីពង្រឹង និងពង្រីកអាជីវកម្មដំឡូងមីឱ្យបានល្អប្រសើរ។ គណៈ​កម្មការ​សហគមន៍បានសម្របសម្រួលវគ្គបណ្តុះបណ្តាលបន្ថែមដល់សមាជិកបានយល់ដឹងពី បច្ចេកទេស​មុន​ ​និងក្រោយប្រមូលផល រៀបចំផែនការផលិតកម្ម​ ផែនការប្រមូលផលនិងលក់ដំឡូងមីជាក្រុម ផែនការទីផ្សារ និងកំណត់គុណភាពដំឡូងមីសរីរាង្គស្រស់ និងដំឡូងមីស្ងួត។ សមាជិកត្រូវបានបែងចែកក្រុមទទួលខុសត្រូវអនុវត្តខ្សែច្រវ៉ាក់ផលិតកម្មសម្រាប់លក់តាមផែនការដែលបានឯកភាពជាមួយក្រុមហ៊ុនបញ្ជាទិញ។

ក្រៅពីក្រុមហ៊ុនបញ្ជាទិញទាំងពីរខាងលើ សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របុរី បានកំពុងពង្រីកទីផ្សារ​បន្ថែមទាំងនៅក្នុងស្រុក និងទីផ្សារក្រៅប្រទេស តាមរយៈការចងក្រងគ្នាជាបណ្តាញអាជីវកម្ម​​​​ដំឡូងមី រៀបចំយុទ្ធសាស្ត្រទីផ្សារ ស្វែងរកជំនួយផ្នែកយុទ្ធសាស្ត្រទីផ្សារ ដោយផ្តោត​សំខាន់​លើការប្រកួតប្រជែង, ការសម្រិតសម្រាំងគុណភាពផលិតផលដំឡូងមីមុន និងក្រោយពេលលក់ចេញ, ភ្ជាប់​ទំនាក់ទំនង និងបង្កើតបណ្តាញ​ទីផ្សារ​ជាមួយឈ្មួញកណ្តាល អាជីវករ សហគមន៍កសិកម្មនានាទូទាំងខេត្តព្រះវិហារ។ សហគមន៍​បានរៀបចំផែនការអាជីវកម្ម បំពាក់ឧបករណ៍បរិក្ខារសម្រាប់បម្រើអាជីវកម្ម, ពង្រឹងសមត្ថភាពដល់យុវជន ដើម្បីបន្តគ្រប់​គ្រងអាជីវកម្មរបស់សហគមន៍សំដៅផ្តល់ឱកាសឱ្យនិស្សិតបានចុះកម្មសិក្សារៀនសូត្រពីការគ្រប់គ្រងអាជីវ​កម្ម។

៤.  សាវតាផលិតកម្មដំឡូងមីរបស់សហគមន៍

  • ការអនុវត្តដាំដុះ៖ ៨៧% ដាំដុះតាមបែបសរីរាង្គ
  • រយៈពេលប្រមូលផល៖ ឧសភា – វិច្ឆិការ – កុម្ភះ
  • ផ្ទៃដីដាំដុះសរុបលក្ខណៈគ្រួសារ៖ ១៤៥ ហិកតា (២០២៤) សម្រាប់ដំឡូងមីសរីរាង្គស្រស់ និង៦៥,៥ ហិកតា សម្រាប់ដំឡូងមីស្ងួត
  • ផ្ទៃដីផលិតកម្មសរុប៖ ៥១៥,១២ ហិកតាសម្រាប់ដំឡូងមីសរីរាង្គស្រស់ និង៥៣៧,១២ ហិកតាសម្រាប់ដំឡូងមីស្ងួត
  • ផលិតផលកសិកម្ម៖ ដំឡូងមីស្រស់ ដំឡូងមីសរីរាង្គ និងដំឡូងមីស្ងួត
  • បរិមាណផលិតកម្ម៖៨,៤៩៨ តោននៃដំឡូងមីសរីរាង្គស្រស់ក្នុង១ឆ្នាំ និង៣,៨០៨ តោនក្នុង១ឆ្នាំ​នៃ​ដំឡូងមីស្ងួត
  • ទីផ្សារដំឡូងមី៖ (១)

៥.  សំណើពិពិធកម្មកសិកម្ម៖ការពង្រីកទីផ្សារប្រមូលទិញ~លក់ដំឡូងមីសរីរាង្គ និងដំឡូងមីស្ងួត (សាង់សង់ឃ្លាំង, ជញ្ជីងថ្លឹងដំឡូងមី, ត្រាក់ត័រ, សាកស័រលើក​ដំឡូងមីឡើងឡាន)

សកម្មភាព៖កែលម្អខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទំហំផលិតកម្មដំឡូងមីសរីរាង្គ និងដំឡូងមីស្ងួត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក (ផាលភ្ជួរដី, ផាលផ្គុំដំឡូង, អង្គប់កៀរដី, ឧបករណ៍ដាំដំឡូង, គោយន្តកន្រ្តៃ, ម៉ាស៊ីគោយន្តកន្រ្តៃ, ធុងបាញ់ជីបំប៉ន, ម៉ាស៊ីកាត់ស្មៅ, ស្ទែនទឹកចំណុះ)

         ហិរញ្ញប្បទានឥណទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤០% ប្រាកកម្ចី និងរយៈ​ពេលអនុវត្ត៖
ហិរញ្ញប្បទាន​ឥតសំណងបំពេញបន្ថែមទុនវិនិយោគ ដែលទទួលបានការឯកភាពមានចំនួន ៨៥ ៦១២ ដុល្លារនិងប្រើប្រាស់ថវិកាផ្ទាល់របស់សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របុរីចំនួន១៩៦ ៩៤០ ដុល្លារ និងកម្ចីពីមីក្រូហិរញ្ញវត្ថុចម្រើនចំនួន ១២៧ ១២៩ ដុល្លារ ដើម្បីធ្វើជាទុនបង្វិលទិញ~លក់ដំឡូងមីស្រស់ និងស្ងួតពីសមាជិកជាផលិតករសម្រាប់អនុវត្តរយៈពេល៣ឆ្នាំ (២០២៣ ដល់២០២៥) ។

៦.​    លទ្ធផលរំពឹងទុក

​លទ្ធផលរំពឹងទុកលើអាជីវកម្មដំឡូងមីសរីរាង្គស្រស់ និងដំឡូងមីស្ងួតកម្រិតសហគមន៍

  • សហគមន៍អាចប្រមូលផលដំឡូងមីសរីរាង្គប្រហែល ២៦,៨៧២ តោនសម្រាប់រយៈពេល៣ឆ្នាំ។
  • បា្រក់ចំណេញទទួលបានពីអាជីវកម្មដំឡូងមីសរីរាង្គរយៈពេល៣ឆ្នាំប្រហែល៥៤ ៦១១.៩២ ដុល្លារ។
  • សហគមន៍អាចដាំដុះដំឡូងមីស្ងួតចំនួន១២ ៩២១ តោន សម្រាប់រយៈពេល៣ឆ្នាំ។
  • បា្រក់ចំណេញទទួលបានពីអាជីវកម្មដំឡូងមីស្ងួតរយៈពេល៣ឆ្នាំប្រហែល៩៧ ២៧៧.៥៧ ដុល្លារ។


​លទ្ធផលរំពឹងទុកលើអាជីវកម្មដំឡូងមីសរីរាង្គស្រស់ និងដំឡូងមីស្ងួតកម្រិតសមាជិកជាផលិតករ

  • សមាជិកជាផលិតករចំនួន៣៥ គ្រួសារ មានផ្ទៃដីដាំដុះសរុបចំនួន១៤៥ ហ.ត នៅឆ្នាំ២០២៤ អាច
    ផលិតដំឡូងមីសរីរាង្គស្រស់បានបរិមាណចំនួន២៩០០ តោន ដើម្បីផ្គត់ផ្គង់ឱ្យសហគមន៍។
  • បា្រក់ចំណេញទទួលបានពីផលិតកម្មដំឡូងមីសរីរាង្គស្រស់រយៈពេល៣ឆ្នាំចំនួន៩៩,៧២៤.២៧ ដុល្លារនៅឆ្នាំទី៣ ។
  • សមាជិកជាផលិតករអាចដាំដុះដំឡូងមីស្ងួតនូវផ្ទៃដីសរុបចំនួន៥១.៥ ហ.ត នៅឆ្នាំ២០២២ និងអាច
    ផលិតបានបរិមាណ៥២៤តោន នៅឆ្នាំ២០២៤។
  • បា្រក់ចំណេញទទួលបានពីផលិតកម្មដំឡូងមីស្ងួតចំនួន១៥,៧១៣.១១ ដុល្លារ នៅឆ្នាំទី៣។

 

ទំនាក់ទំនង

សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របុរី

គម្រោងពិពិធកម្មកសិកម្មកម្ពុជា

លោក សៀក យូហាន អនុប្រធានសហគមន៍កសិកម្ម
ភូមិ ស្របាល ឃុំ ភ្នំពេញ ស្រុក គូលែន ខេត្ត ព្រះវិហារ
លេខទូរស័ព្ទ៖០៩៧ ៥១៤ ២៥៥០

Website:  www.casdp.maff.gov.kh
Facebook៖ casdpcambodia