មន្រ្តីបង្គោលគម្រោងពិពិធកម្មកសិកម្មកម្ពុជាចំនួន៧២រូបចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការធ្វើអង្កេតលទ្ធផលប្រចាំឆ្នាំសម្រាប់ការអនុវត្តគម្រោង CASDP

ចេញ​ផ្សាយ​ 10 Dec 2025
35
សៀមរាប៖ ថ្ងៃទី២៥ ខែវិច្ឆិកា នៅខេត្តសៀមរាប ការិយាល័យសម្របសម្រួលគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP-CPO) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការធ្វើអង្កេតលទ្ធផលប្រចាំឆ្នាំសម្រាប់ការអនុវត្តគម្រោង CASDP។ សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង CASDP ក្នុងនាមឯកឧត្តម ឃឹម ហ្វីណង់ នាយកគម្រោង CASDP និងជាអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្មខេត្តសៀមរាប (PDAFF) ដោយមានការអញ្ជើញចូលរួមពីមន្រ្តីបង្គោលគម្រោង CASDP មកពីខេត្តគោលដៅ និងក្រុមការងារគម្រោងចំនួន៧២រូប។
សិក្ខាសាលាស្តីពីការធ្វើអង្កេតលទ្ធផលប្រចាំឆ្នាំ (AOS) មានគោលបំណងសំខាន់ដើម្បីវាយតម្លៃការផ្លាស់ប្តូរស្តង់ដាររស់នៅរបស់អ្នកទទួលផល ដោយផ្តោតលើសន្តិសុខស្បៀង ផលិតកម្មកសិកម្ម ការទទួលបានទីផ្សារថ្មីៗសម្រាប់ផលិតផលកសិកម្ម អាហារូបត្ថម្ភ និងទស្សនៈទានយេនឌ័រ ឬការផ្តល់អំណាចដល់ស្ត្រី និងដើម្បីឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃសកម្មភាពរបស់គម្រោង។
នាឱកាសនោះដែរ ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃ បានធ្វើបទបង្ហាញពីវិធីសាស្រ្តអនុវត្តធ្វើអង្កេត និងវិភាគទិន្នន័យដើម្បីវាស់ស្ទង់ប្រសិទ្ធភាពគម្រោង រួមទាំងវឌ្ឍនភាពលើសូចនាករ លក្ខណៈវិនិច្ឆ័យជ្រើសរើស ឧទាហរណ៍កម្រងសំណួរ និងពេលវេលាប្រមូលទិន្នន័យ សំដៅធានាប្រសិទ្ធភាពដំណើរការធ្វើអង្កេតបានប្រព្រឹត្តទៅគ្រប់ជ្រុងជ្រោយ។
វគ្គបណ្តុះបណ្តាលនេះនឹងអនុញ្ញាតិឱ្យអ្នកចូលរួមទទួលបានបទពិសោធន៍ច្រើនពី ការធ្វើអង្កេតលទ្ធផលមានផលប៉ះពាល់ច្រើនលើលទ្ធផលប្រចាំឆ្នាំ។ ទោះជាយ៉ាងនេះក្តី នៅមានចំណុចសំខាន់ជាច្រើនទៀត ដែលក្រុមការងារគម្រោងនៅបន្តពិភាក្សាថាតើធ្វើដូចម្តេចដើម្បីជំរុញលទ្ធផលគម្រោង ឬជំនាញក្នុងការធ្វើវិភាគ និងកែសម្រួលទិន្នន័យ ដែលត្រូវបានពិភាក្សាបន្តបន្ទាប់សម្រាប់កម្មវិធីកសាងសមត្ថភាពបន្ថែម។