សិក្ខាកាមចំនួន២៩នាក់ ជាសមាជិកសហគមន៍កសិកម្មមាន់ស្រែអូរផុត ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការធ្វើអន្តរាគមន៍ឆ្លើយតបនឹងការផ្ទុះជំងឺឆ្លងសត្វ និងការធ្វើជីវសុវត្ថិភាពកន្លែងផ្ទុះជំងឺសត្វ

ចេញ​ផ្សាយ​ 10 Dec 2025
34
តាកែវ៖ ដើម្បីធានាសុវត្ថិភាពចំណីអាហារនៅកម្ពុជាតម្រូវឱ្យកសិករ និងកសិដ្ឋានចិញ្ចឹមសត្វពិចារណាដោយប្រុងប្រយ័ត្ននូវបញ្ហាប្រឈមសំខាន់ៗមួយចំនួនរួមមាន៖ ជំងឺផ្តាសាយបក្សី បច្ចេកទេសកំណត់ប្រភេទសំណាកសត្វ ការអនុវត្តវិធានអនាម័យ ការធ្វើជីវសុវត្ថិភាពកន្លែងផ្ទុះជំងឺ ការបង្ការជំងឺសត្វ និងយុទ្ធសាស្ត្រសម្រាប់ការឆ្លើយតបនឹងការផ្ទុះឡើង និងការលុបបំបាត់ជំងឺផ្តាសាយបក្សី។
នៅសប្តាហ៍ទី២នៃខែវិច្ឆិកា ២០២៥ នេះ អនុសមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ (GDAHP) ដែលជាផ្នែកមួយនៃគម្រោង CASDP បានបើកវគ្គបណ្តុះបណ្តាលស្តីពីការធ្វើអន្តរាគមន៍ឆ្លើយតបនឹងការផ្ទុះជំងឺឆ្លងសត្វ និងការធ្វើជីវសុវត្ថិភាពកន្លែងផ្ទុះជំងឺសត្វ។ វគ្គបណ្តុះបណ្តាលនេះគាំទ្រពីហិរញ្ញវត្ថុពីធនាគារពិភពលោក (World Bank) សម្រាប់សមាជិកសសគមន៍កសិកម្មមាន់ស្រែអូរផុត ដែលកំពុងប្រឈម ឬកំពុងព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃជំងឺឆ្លងសត្វ។
អញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលមានសិក្ខាកាមចូលរួមចំនួន៣៥នាក់ ស្រី២០នាក់ មកពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ មន្រ្តីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និង២៩នាក់ជាសមាជិកសហគមន៍កសិកម្មមាន់ស្រែអូរផុត។
វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃ បានផ្តោតសំខាន់លើការបង្កើនចំណេះដឹងស្តីពីវិធីសាស្រ្តចិញ្ចឹមមាន់ស្រែ បច្ចេកទេសកំណត់ប្រភេទសំណាកសត្វ និងបច្ចេកទេសប្រមូលសំណាកសត្វឈឺបញ្ជូនទៅមន្ទីរពិសោធន៍ និងយល់ដឹងពីការកំណត់រោគសញ្ញាបឋមដើម្បីកំណត់ប្រភេទជំងឺមុននឹងផ្ញើរទៅកាន់មន្ទីរពិសោធន៍។ ក្រៅពីនេះ កម្មវិធីបណ្តុះបណ្តាលបានបង្ហាញពីបច្ចេកទេសគ្រប់គ្រងជំងឺឆ្លងសត្វសំខាន់ៗ ដែលកើតមាននៅក្នុងប្រទេសកម្ពុជា និងការលប់បំបាត់ជំងឺឆ្លងសត្វផងដែរ។
នាឱកាសនោះដែរ វគ្គសិក្សានេះបានផ្តល់ឱកាសដល់សិក្ខាកាមបានរំលឹកឡើងវិញនូវចំណេះដឹងពាក់ព័ន្ធមួយចំនួនដូចជា៖ របៀបរៀបចំទ្រុងមាន់ និងការប្រើប្រាស់ឧបករណ៍កសិកម្ម ការជ្រើសរើស និងបង្កាត់ពូជមាន់ បច្ចេកទេសផលិត និងផ្តល់ចំណីមាន់ ការរក្សាអនាម័យ ការអនុវត្តពិធីសារជីវសុវត្ថិភាព ការបង្ការជំងឺមាន់ (រួមទាំងកាលវិភាគចាក់វ៉ាក់សាំងសមស្រប) ការសិក្សាអំពីជំងឺសត្វ (លំនាំ និងការព្យាបាលតាមរដូវរបស់វា) និងការយល់ដឹងអំពីនីតិវិធីដឹកជញ្ជូនសត្វក្នុងស្រុកដើម្បីធានាការពារការរីករាលដាលនៃជំងឺឆ្លងសត្វ។
ចំណេះដឹងបច្ចេកទេសថ្មីៗបំផុត អ្នកចូលរួមទទួលបានពីវគ្គបណ្តុះបណ្តាលនេះ អនុញ្ញាតឱ្យសិក្ខាកាមអាចអនុវត្តពិធីសាររោគវិនិច្ឆ័យសុខភាពសត្វថ្មីៗ បានបំផុតភ្លាមៗ នៅពេលត្រឡប់ទៅគេហដ្ឋាន ឬកសិដ្ឋានវិញ។