សហគមន៍កសិកម្មទំនើបមេមត់ត្បូងឃ្មុំបានដាក់តាំងបង្ហាញផលិតផលម្រេចរបស់ខ្លួននៅក្នុងវេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥

ចេញ​ផ្សាយ​ 10 Dec 2025
23
ភ្នំពេញ៖ សហគមន៍កសិកម្មទំនើបមេមត់ត្បូងឃ្មុំបានដាក់តាំងបង្ហាញផលិតផលម្រេចរបស់ខ្លួននៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) ដែលបានប្រារព្ធឡើងនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្រោមការផ្តួចផ្តើមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ដោយមានការអញ្ជើញចូលរួមពីក្រុមអ្នកផលិត តំណាងសហគមន៍កសិកម្ម អ្នកវិនិយោគ ក្រុមហ៊ុន ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍មកពីទូទាំងប្រទេសកម្ពុជា។
គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រោមហិរញ្ញវត្ថុពីធនាគារពិភពលោក (WB) តែងគាំទ្រជំរុញ និងលើកកម្ពស់ការផ្សព្វផ្សាយផលិតផល និងសេវាកម្មក្នុងស្រុក។ ភាពជោគជ័យរបស់សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ជាផលិតផលក្នុងស្រុកដំបូងគេនៅក្នុងខេត្តត្បូងឃ្មុំ ដែលទទួលបានហិរញ្ញប្បទានឥណទានឥតសំណងបំពេញបន្ថែមទុនវិនិយោគពីគម្រោង CASDP ជាឧទាហរណ៍ដ៏សាកសិទ្ធនៃវិធីសាស្រ្តច្នៃប្រឌិតគាំទ្រដោយគម្រោង។
កន្លងមក គម្រោង CASDP តែងបានគាំទ្រក្រុមអ្នកផលិតម្រេចត្បូងឃ្មុំដើម្បីឱ្យមានការទទួលស្គាល់ពីគុណភាព គាំទ្រការផ្សព្វផ្សាយ និងការធ្វើទីផ្សារផលិតផលម្រេច។
ក្នុងវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា២០២៥រយៈពេលបីថ្ងៃនេះ រសជាតិសម្បូរបែបរបស់ម្រេច និងវិធីសាស្រ្តកែច្នៃផលិតផលិតម្រេចមេមត់ត្បូងឃ្មុំដើម្បីនិរន្តរភាពត្រូវបានបង្ហាញជូនអ្នកចូលរួមនាឱកាសនោះ។ នៅលើតុដាក់តាំងផលិតផលរបស់ខ្លួន មានម្រេចបួនប្រភេទគឺ ម្រេចខ្មៅ ម្រេចស ម្រេចក្រហម និងម្រេចបៃតង ជាម្រេចដែលមានគុណភាព និងមានរសជាតិល្អ។ ព្រឹត្តិការណ៍នេះមានការរៀបចំតុតាំងផលិតកសិកម្ម ការចូលរួមភ្លក់រសជាតិ ការបង្ហាញម្ហូបអាហារ និងឱកាសសម្រាប់ការបង្កើតបណ្តាញទំនាក់ទំនងរវាងអ្នកចូលរួមជាមួយ ឧស្សាហកម្មផលិកម្មកសិកម្ម និងអ្នកទស្សនាច្រើនទៀត។
តំណាងមកពីសហគមន៍បានសម្តែងការរីករាយក្នុងការចូលរួមជាមួយបងប្អូនអ្នកចូលរួមទស្សនាជាច្រើននៅស្តង់របស់ពួកគេ ដោយទទួលបានការគាំទ្រខ្លាំងចំពោះផលិតផលដែលមានស្លាកសញ្ញារបស់ខ្លួន។
សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ បានទទួលហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤0% ពីគម្រោង CASDP ក្នុងទម្រង់ជាសម្ភារកសិកម្ម មានដូចជាការទិញឡានដឹកទំនិញ ជញ្ជីងថ្លឹងអេឡិចត្រូនិច ឧបករណ៍ថាមពលពន្លឺព្រះអាទិត្យ និងធាតុចូលកសិកម្មផ្សេងទៀត ដើម្បីបង្កើនខ្សែសង្វាក់តម្លៃផលិតកម្មម្រេច។