តាកែវ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥, គណៈកម្មការវាយតម្លៃ EC បានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងដាក់ពិន្ទុលើផែនការពិពិធកម្ម និងធុរកិច្ចរបស់សហគមន៍កសិកម្មចំនួន២ រួមមាន៖ សហគមន៍កសិកម្មទំនើបត្រាំកក់ ស្ថិតនៅ ឃុំត្រាំកក់ និងសហគមន៍កសិកម្មទំនើបត្រពាំងស្រង៉ែ ស្ថិតនៅឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
នាឱកាសនោះ សំណើសហគមន៍កសិកម្មទំទើបត្រាំកក់ មានគោលបំណងពង្រីកផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ (ជំហាន២)។ ផែនការពង្រីកផលិតកម្មនេះដែរនឹងផ្តល់ផលប៉ះពាល់យ៉ាងសំខាន់ទៅលើសេដ្ឋកិច្ចគ្រួសារ និងសហគមន៍ទាំងមូល។ រីឯសហគមន៍កសិកម្មទំនើបត្រពាំងស្រង៉ែ មានគោលបំណងពង្រីកខ្សែច្រវាក់ផលិតកម្មចិញ្ចឹមមាន់យកសាច់ពូជក្នុងស្រុក និងស៊ុត ដើម្បីក្លាយជាធុរកិច្ចមានមាត្រដ្ឋាន តាមរយៈការរៀបចំផែនការចិញ្ចឹមបច្ចេកទេស បង្កើនគុណភាព និងពង្រីកភាពជាដៃគូធុរកិច្ច សំដៅបង្កើនប្រាក់ចំណូលសម្រាប់សមាជិកក្រុមអ្នកផលិត និងសហគមន៍។
ដូច្នេះ ប្រសិនបើផែនការអាជីវកម្មរបស់សហគមន៍កសិកម្មទំនើបត្រពាំងស្រង៉ែទទួលបានជោគជ័យ សហគមន៍កសិកម្មនឹងមានលទ្ធភាពពង្រីកផលិតកម្មចិញ្ចឹមមាន់យកស៊ុតក្នុងបរិមាណជាមធ្យម ២៤ ៩៣០ ស៊ុតក្នុង១ខែ ឬ២៤៩ ៣០០ស៊ុត ក្នុង១ឆ្នាំ និងផលិតកម្មមាន់យកសាច់ពូជក្នុងស្រុក ៣ ៦៣៧ក្បាលក្នុង១វដ្តផលិតកម្ម ឬ ៥ ០៩១,៨០ គ.ឡ ក្នុង១វដ្តផលិតកម្ម។
គួបញ្ជាក់ថា សំណើរបស់សហគមន៍កសិកម្មទាំងពីរខាងលើនឹងត្រូវដាក់ជូនគណៈកម្មការវាយតម្លៃនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដើម្បីបើកកិច្ចប្រជុំវាយតម្លៃ ក្រោយពីលេខាធិការដ្ឋានគណៈកម្មការវាយតម្លៃពិនិត្យ និងផ្ទៀងផ្ទាត់រួចឃើញថា សំណើនេះមានផែនការធុរកិច្ចច្បាស់លាស់ និងមានអាទិភាពសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងស្របតាមលក្ខណ្ឌគម្រោងរួចហើយ។
កិច្ចប្រជ៉ំនេះបានប្រព្រឹត្តិទៅក្រោមការដឹកនាំរបស់ លោក យ៉ន សម្បត្ដិ ប្រធានគណៈកម្មការវាយតម្លៃ (EC) នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធរួមមាន MAFF, MEF, MRD, MoWRAM និងវិស័យឯកជន លោកស៊ីម សុទូច ជាតំណាងសភាពាណិជ្ជកម្ម, លោក ប៉ោ គឹមសាន្ដ ជាតំណាងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ព្រមទាំងមន្ទីរកសិកម្មខេត្តតាកែវ និងសមាជិកសហគមន៍កសិកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការវាយតម្លែផែនការពិពិធកម្មនេះទទួលបានជោគជ័យ។