សំណើរគម្រោងរបស់ “សហគមន៌កសិកម្មសម្រស់កំពង់ល្ពៅ” ស្រុកសំឡូត បានទទួលការអនុញ្ញាតរៀបចំផែនការលំអិតស្តីពីពិពិធកម្មកសិកម្ម និងផែនការកសិធុរកិច្ច

ចេញ​ផ្សាយ​ 29 Jul 2022
19712

ថ្ងៃច័ន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២  អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំ “គណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត” លើរបាយការណ៍វាយតម្លៃសំណើពិពិធកម្ម និងកសិធុរកិច្ច “សហគមន៌កសិកម្មសម្រស់កំពង់ល្ពៅ” ដែលមានទីតាំងនៅភូមិអូរដើមចេក ឃុំកំពង់ល្ពៅ ស្រុក
សំឡូត ដែលរៀបចំឡើងដោយគណៈកម្មការវាយតម្លៃ។

កិច្ចប្រជុំនេះបានដំណើរការតាមរយៈប្រព័ន្ធ Zoom ដឹកនាំដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការនៃគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត រួមមានសមាសភាពតំណាងមកពីក្រសួងពាក់ព័ន្ធ និងវិស័យឯកជនមានជាអាទិ៍៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

ជាលទ្ធផល គណៈកម្មការប្រឹក្សាយោបល់ និងអនុម័តបានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់លើរបាយការណ៍វាយតម្លៃ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនីមួយៗដែលបានកំណត់ និងបានឯកភាពលើរបាយការណ៍ ដោយអនុញ្ញាតិឲ្យ“សហគមន៌កសិកម្មសម្រស់កំពង់ល្ពៅ” ដែលមានទីតាំងនៅភូមិអូរដើមចេក ឃុំកំពង់ល្ពៅ ស្រុកសំឡូត អាចបន្តទៅជំហ៊ានទី២ ដោយផ្តោតលើ៖ ផលិតកម្មបន្លែសុវត្ថិភាពផ្ទះសំណាញ់, ផលិតកម្មមាន់ស្រែ, ផលិតកម្មកូនជ្រូក និងជ្រូកសាច់, ផលិតកម្មចេកណាំវ៉ា, ផលិតកម្មកែច្នៃចេកឆាប ដោយតម្រូវឱយមានការពិនិត្យនិងកែសម្រួលព៌តមានមួយចំនួននៅក្នុងសំណើពិពិធកម្ម និងធុរកិច្ចដូចមានជូនភ្ជាប់របាយការណ៍វាយតម្លៃរបស់គណកម្មការវាយតម្លៃជាមួយស្រាប និងផ្ញើមកអង្គភាពគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទវិញ បន្ទាប់ពីរយៈពេល២១ថ្ងៃនៃថ្ងៃជូនដំណឹងជាផ្លូវការពីអង្គភាពគ្រប់គម្រោង។

គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ មានសហគមន៌កសិកម្ម សរុបចំនួន៤៦ ត្រូវបានអនុម័ត អោយរៀបចំផែនការពិពិធកម្ម (Diversification Plan) និងផែនការធុរកិច្ច (Business Plan) បន្តទៀត។